អំពីជំងឺមហារីកពោះវៀន

ជំងឺមហារីកពោះវៀនគឺជាមូលហេតុធំបំផុតទីពីរនៃការស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសអូស្ត្រាលី។  

វាប៉ះពាល់ទាំងបុរស និងស្ត្រី ហើយអាចវិវត្តន៍ដោយគ្មានរោគសញ្ញាអ្វីទាំងអស់។

 ពេលណាបានរកឃើញមុន ករណីស្ទើរតែទាំងអស់អាចព្យាបាលបានដោយជោគជ័យ។ រៀងរាល់ពីរឆ្នាំម្តង អ្នកដែលមានអាយុពី 50-74ឆ្នាំត្រូវបានអញ្ជើញឱ្យធ្វើតេស្តពិនិត្យ​ពោះវៀនភ្លាមៗដោយឥតគិតថ្លៃ នៅតាមផ្ទះ ដើម្បីជួយរកឱ្យឃើញនូវជំងឺ​មហារីកពោះវៀន។ 

វាជាការសំខាន់ណាស់ដែលទាំងបុរស និងស្ត្រីត្រូវធ្វើ​តេស្ត។ វាអាចជួយសង្គ្រោះជីវិតអ្នក។ 

ហេតុអ្វីបានជាអ្នកគួរធ្វើតេស្

អ្នកមានហានិភ័យខ្ពស់នៃជំងឺមហារីកពោះវៀន ប្រសិនបើអ្នកមានអាយុលើសពី50ឆ្នាំ។ វាអាចវិវឌ្ឍដោយគ្មានប្រវត្តិគ្រួសារ និងគ្មានបង្ហាញរោគសញ្ញាអ្វីទាំងអស់។ 

ប្រសិនបើឆាប់រកឃើញទាន់​ពេល 90% នៃជំងឺមហារីកពោះវៀនអាចព្យាបាលបានដោយជោគជ័យ។ កុំបង្អង់យូរ ចូរធ្វើតេស្ត​ដោយឥតគិតថ្លៃនៅថ្ងៃនេះ! 

ការធ្វើតេស្តពិនិត្យពោះវៀនដោយឥតគិតថ្លៃ

Bowel screening test kit envelope.

ការធ្វើតេស្តពិនិត្យពោះវៀនត្រូវបានផ្តល់ជូនដោយ រដ្ឋា​ភិបាលអូស្ត្រាលី ហើយមានលក្ខណៈសាមញ្ញ ឥតគិតថ្លៃ និងបំពេញនៅផ្ទះ។ ប្រសិនបើអ្នកមានអាយុចន្លោះពី50​ ទៅ74ឆ្នាំ អ្នកនឹងទទួលបានការធ្វើតេស្តពិនិត្យពោះវៀនដោយឥតគិតថ្លៃ​ រៀងរាល់ ពីរឆ្នាំម្តង ដោយផ្ញើទៅកាន់អាសយដ្ឋានដែលអ្នកបានចុះបញ្ជីជាមួយ មេឌីឃែរ (Medicare)។ 

ប្រសិនបើអ្នកបានទទួលកញ្ចប់ធ្វើតេស្តរបស់អ្នករួចហើយ 

សូមពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ 

ប្រសិនបើកញ្ចប់ធ្វើតេស្តរបស់អ្នកបានផុតកំណត់ អ្នកបានធ្វើបាត់ ឬមិនបានទទួលកញ្ចប់ធ្វើតេស្ត អ្នកអាចដាក់បញ្ជាស្នើសុំម្តងទៀតនៅទីនេះ (គេហទំព័រជាភាសាអង់គ្លេស) ឬទូរសព្ទទៅសេវាកម្មអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទ (TIS) តាមលេខ 131 450។ 

ប្រសិនបើអ្នកមានអាយុក្រោម50 ឆ្នាំ ហើយមានការព្រួយបារម្ភអំពីជំងឺមហារីកពោះវៀន ចូរទៅជួប​វេជ្ជ​បណ្ឌិត​​របស់អ្នកជា​បន្ទាន់។ 

រោគសញ្ញានៃជំងឺមហារីកពោះវៀន

ជំងឺមហារីកពោះវៀនអាចវិវត្តដោយគ្មានសញ្ញា។ ប៉ុន្តែមនុស្ស​​​ជាច្រើនដែលមានជំងឺមហារីកពោះវៀន សម្គាល់ឃើញសញ្ញា ឬរោគសញ្ញាមួយចំនួន។ ទាំងនេះអាចរួមបញ្ចូលទាំង៖ 

  • ឈាមនៅក្នុងលាមករបស់អ្នក ឬក្នុងចានបង្គន់ 
  • ការផ្លាស់ប្តូរទម្លាប់ទៅបង្គន់របស់អ្នកដែលមិនបាត់លើសពី 3 សប្តាហ៍។ នេះអាចរួមបញ្ចូលរាគរូស ការទល់លាមកធ្ងន់ធ្ងរ និង/ឬប្រសិនបើអ្នកត្រូវការបន្ទោរបង់ញឹកញាប់ជាងធម្មតា 
  • អស់កម្លាំង ឬស្រកទម្ងន់ដែលមិនអាចពន្យល់បាន  
  • ឈឺចាប់ក្នុងពោះ 

ប្រសិនបើអ្នកសម្គាល់ឃើញចំណុចទាំងនេះ វាជារឿងសំខាន់ដែលអ្នកត្រូវតែពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមៗ។ 

បៀបកាត់បន្ថយហានិភ័យរបស់អ្នក

រឿងមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀន រួមមាន៖ 

  • អាយុ 
  • ប្រវត្តិគ្រួសា
  • ជំងឺរលាកពោះវៀនធំ 
  • កង្វះរបបអាហារ
  • អសកម្មរាងកាយ
  • គ្រឿងស្រវឹង 
  • ធាត់លើសទម្ងន់ 
  • ការជក់បារី - 

អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនរបស់អ្នកដោយ៖ 

  • ការផ្តាច់បារី 
  • ត្រូវសកម្មរាងកាយ 
  • រីករាយនឹងរបបអាហារដែលមានសុខភាពល្អជាមួយនឹងផ្លែឈើ និងបន្លែស្រស់ៗឱ្យបានច្រើន 
  • ការកំណត់បរិភោគសាច់ក្រហម និងសាច់កែច្នៃ
  • ការកំណត់គ្រឿងស្រវឹង 
  • ការរក្សាទម្ងន់រាងកាយប្រកបដោយសុខភាពល្អ

ចុះបើខ្ញុំមានប្រវត្តិគ្រួសារដែលកើតជំងឺមហារីកពោះវៀន?​

អ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀន ប្រសិនបើ៖ 

  • សាច់ញាតិជិតស្និទ្ធ (ឪពុកម្តាយ បងប្អូនប្រុសស្រី ឬកូន) បានកើតជំងឺមហារីកពោះវៀននៅវ័យក្មេង (អាយុក្រោម55ឆ្នាំ) ឬ 
  • សាច់ញាតិជិតស្និទ្ធលើសពីម្នាក់នៅក្នុងគ្រួសាររបស់អ្នក មានជំងឺមហារីកពោះវៀននៅគ្រប់វ័យ។ 

ជាង 75% នៃអ្នកកើតជំងឺមហារីកពោះវៀន មិនមានប្រវត្តិគ្រួសារកើតជំងឺនេះទេ។ប្រសិនបើអ្នកគិតថាអ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីកពោះវៀន ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ 

សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទទៅសេវាកម្មអ្នកបកប្រែផ្ទាល់មាត់តាមទូរសព្ទ (TIS) តាមលេខ 131 450។ សម្រាប់ការគាំទ្របន្ថែម អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកបាន។